កំពង់ស្ពឺ៖ ដោយអនុវត្ដតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ នារសៀលថ្ងៃចន្ទ ៩រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ កំលាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ លោកវរសេនីយ៍ឯក ចន សុភិត អធិការនគរបាលស្រុកបសេដ្ឋ បញ្ជាអោយកំលាំងផ្នែកនគរបាលព្រហ្មទណ្ឌស្រុកធ្វេីការស្រាវជ្រាវករណីកំហែងយកដោយជនសង្ស័យជិះកង់មកធាក់ជនរងគ្រោះធ្លាក់ពីលេីម៉ូតូ ម៉ាកហុងដា C125 ពណ៍ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខកំពង់ស្ពឺ 1V-0897 រួចយកម៉ូតូជិះរត់គេចភ្លាមៗបន្ទាប់ពីធ្វេីសកម្មភាពរួច នៅចំណុចមាត់ស្រះទឹក ស្ថិតក្នុងភូមិព្រៃត្បែង ឃុំពោធិចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ អួក សោភ័ណ ភេទប្រុស អាយុ ១៨ឆ្នាំ និងឈ្មោះ សុង ឆៃណាន់ ជាបងប្អូនជីដូនមួយនិងគ្នាកំពុងតែអង្គុយចុចទូរស័ព្ទដៃយ៉ាងញាប់ដៃ ROBLOX & GROW A Garden កំលាំងជំនាញបន្ដនីតិវិធីនិងឈានទៅឃាត់ខ្លួនជនសង្ស័យ៣នាក់ចំណោមបក្ខពួកផ្សេងទៀត៖ ១.ឈ្មោះ ជឿន ផាន់ណា ភេទប្រុស អាយុ២៥ឆ្នាំ ជាជនដៃដល់ធ្វើសកម្មភាពហក់ធាក់ឲ្យម្ចាស់ម៉ូតូធ្លាក់ពីលេីម៉ូតូ ២.ឈ្មោះ កែវ ពិសិដ្ឋ ភេទប្រុស អាយុ ៣៥ឆ្នាំ ជាអ្នកផ្តើមគំនិតក្នុងការប្រព្រឹត្ដបទល្មើសខាងលេី ៣-ឈ្មោះ ស៊ន ឆានឈុន ភេទប្រុស អាយុ ២៦ឆ្នាំ (សហចារី) ជនសង្ស័យមានទីលំនៅភូមិព្រៃត្បែង ឃុំពោធិចំរើន ស្រុកបសេដ្ឋ ។
ជនសង្ស័យទាំងពីនាក់បានសារភាពនិងទទួលស្គាល់ថា កង់កញ្ចាស់ខាងលេីដែលទុកជូនម្ចាស់ម៉ូតូពិតជាកង់របស់ខ្លួនប្រាកដមែន រីឯសកម្មភាពធាក់កំហែងយកម៉ូតូគឺខ្លួននិងបក្ខពួកពិតជាបានរៀបចំផែនការនិងធ្វេីសកម្មភាពប្រាកដមែន ជាក់ស្ដែងជនសង្ស័យទាំងពីនាក់ ត្រូវសមត្ថកិច្ចនគរបាលស្រុកបសេដ្ឋ កសាងសំណុំរឿងបញ្ជូនមកការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ដ ចាត់ការនីតិវិធីបន្ដ៕

