កម្ពុជារៀបចំពិធីរំលឹកគុណអង្គរ១០ថ្ងៃ ដើម្បីអបអរខួបដាក់រមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
កម្ពុជាបានរៀបចំពិធីរំលឹកគុណអង្គររយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៦ ខែធ្នូ នៅបរិវេណមុខប្រាសាទអង្គរវត្ត ដើម្បីរំលឹកគុណព្រះមហាក្សត្រនិងបុព្វការីជនដែលកសាងប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ និងដើម្បីអបអរសាទរខួប៣១ឆ្នាំនៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ពិធីរំលឹកគុណអង្គរបានបើកជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះ ក្រោមអធិបតីភាពលោកស្រី ពេជ ចន្ទមុន្នី ភរិយារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមទាំងលោកស្រី ម៉ែន សំអន សមាជិកឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយមន្ត្រីអាជ្ញាធរពាក់ព័ន្ធជាច្រើនទៀត។ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានលើកឡើងថា នេះជាឆ្នាំទី៣ហើយ ដែលកម្ពុជារៀបចំព្រឹត្តិការណ៍រំលឹកគុណអង្គរ។…
